ប្រទេស​បា​រ៉ែ​ន បាន​ចល័ត​យន្តហោះ​ចម្បាំង​ទៅកាន់​ប្រទេស​ហ្ស​កដង់ បាន​ក្លាយជា​ប្រទេស​ទី​ពីរ​នៅ​តំបន់​ឈូង​សមុទ្រ​អារ៉ាប់ ដែល​បាន​បញ្ជូន​យន្តហោះ​ចម្បាំង ក្នុង​ការជួយ​ប្រយុទ្ធប្រឆាំង នឹង​រដ្ឋ​អ៊ីស្លាម ដែល​ក្តោប​ក្តាប់​ទឹកដី​មួយ​ភាគ នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​។​
​ប្រទេស​ហ្ស​កដង់​បាន​ដើរតួ​ជា​អ្នក​នាំមុខ​ក្នុង​ការវាយប្រហារ​ផ្លូវអាកាស ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្លាម បន្ទាប់ពី​ក្រុម​នេះ​បាន​ដុត​សម្លាប់​អាកាសយានិក​ហ្ស​កដង់​ម្នាក់​។
​ក្រុម​មួយ​នៃ​យន្តហោះ​របស់​កងទ័ព​ជើង​អាកាស​បា​រ៉ែ​ន បាន​ចុះចត​នៅក្នុង​រាជាណាចក្រ​ហ្ស​កដង់ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រឹងប្រែង​អន្តរជាតិ ដើម្បី​កម្ទេច​ភេរវកម្ម​ឱ្យ​សាប​សូន្យ​។ ប៉ុន្តែ​គេ​នៅ​មិនទាន់​បាន​ដឹង​ពី​ចំនួន និង​ប្រភេទ​យន្តហោះ ដែល​ត្រូវ​ចល័ត​ទៅ​នោះ​ទេ​។​
​កាលពី​សប្តាហ៍​មុន សហភាព​អារ៉ាប់​អេ​មី​រ៉េត បាន​បញ្ជូន​យន្តហោះ​ចម្បាំង F-16 ទៅកាន់​ហ្ស​កដង់ ដើម្បី​បើក​ការវាយប្រហារ​តាម​អាកាស រួមគ្នា​ជាមួយ​យន្តហោះ​ហ្ស​កដង់ ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ​
កាលពីដើម​ដំបូង​ឡើយ សហភាព​អារ៉ាប់​អេ​មី​រ៉េត បាន​ចូលរួម​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ក្នុង​ការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​ក្រុម IS​។ ប៉ុន្តែ​ខ្លួន​បាន​ផ្អាក​ការហោះហើរ ដោយសារ​ការបារម្ភ​អំពី​សមត្ថភាព​ស្វែងរក និង​សង្គ្រោះ បន្ទាប់​ពី​យន្តហោះ​ដែល​បើក​ដោយ​អាកាសយានិក​ហ្ស​កដង់​រូបនោះ ត្រូវ​បាន​បាញ់​ទម្លាក់​៕ ​



 
Top