កាលពីថ្ងៃទី៤ ខែកុម្ភៈ ក្រុមអិស្លាមបង្កើតរដ្ឋIS បានផ្សព្វផ្សាយខ្សែវីដេអូមួយបង្ហាញឲ្យឃើញថា ចំណាប់ខ្មាំងជនជាតិហ្ស៊កដង់ដែលជាអាកាសយានិកហើយចាប់ខ្លួនបានបន្ទាប់ពីធ្លាក់យន្តហោះនោះត្រូវក្រុមនេះដុតទាំងរស់ ទាំងនៅក្នុងទ្រុង ។ ទង្វើរបស់ក្រុម IS នេះបានធ្វើឲ្យពិភពលោករន្ធត់ចិត្តជាខ្លាំង ជាពិសេសគឺប្រទេសហ្ស៊កដង់តែម្តង ដោយបានប្រកាសថា នឹងឆ្លើយតបយ៉ាងកក្រើកផែនដីចំពោះក្រុមនេះ។
មន្ត្រីហ្ស៊កដង់បានថ្លែងថា ហ្ស៊កដង់នឹងប្រហារជីវិតពួកឧទ្ទាមជាក្រុមភេរវករច្រើននាក់ដើម្បីជាការសងសឹក ក្នុងនោះមានទាំងស្ត្រីអ្នកទោសជនជាតិអ៊ីរ៉ាក់ដែលទីក្រុង Amman មានគម្រោងដោះលែងដើម្បីដោះដូរជាមួយចំណាប់ខ្មាំងអាកាសយានិកនោះផងដែរ។
គេនៅមិនទាន់អាចបង្ហាញឲ្យឃើញភ្លាមៗបានទេ អំពីខ្សែវីដេអូដែលបុរសម្នាក់ស្រដៀងអាកាសយានិក Mouath al-Kasaesbeh ឈរនៅក្នុងទ្រុងព័ណ៌ខ្មៅមួយ នៅមុនពេលត្រូវដុតទាំងរស់នោះឡើយ។ ការប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មន្ត្រីហ្ស៊កដង់នោះបញ្ជាក់ឲ្យឃើញថា ហេតុការណ៍ពិតជាមានប្រាកដមែនហើយ។
អ្នកនាំពាក្យរដ្ឋាភិបាលហ្ស៊កដង់បានបញ្ជាក់ថា ហ្ស៊កដងដែលជាអ្នកវាយប្រហារពីលើដែនអាកាសនៅក្នុងប្រទេសស៊ីរីក្នុងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកប្រឆាំងទៅលើក្រុមអិស្លាមបង្កើតរដ្ឋនោះ អាចនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាតដើម្បីឆ្លើយតបទៅនឹងក្រុមភេរវករទាំងនេះ។
អ្នកនាំពាក្យកម្លាំងយោធាហ្ស៊កដង់ លោក Mamdouh al Ameri បានថ្លែងថា «ការសងសងនឹងធ្វើឡើងទ្រង់ទ្រាយធំ ឲ្យដូចទំហំទុក្ខដែលក្រុមនេះធ្វើមកលើហ្ស៊កដង់» ។ លោកបានថ្លែងបែបនេះនៅតាមកញ្ចក់ ទូរទស្សន៍ដែលបញ្ជាក់ពីការស្លាប់របស់អាកាសយានិក ក្រោយការចាប់ជាចំណាប់ខ្មាំងដោយពួកភេរវករអិស្លាមបង្កើតរដ្ឋកាលពីខែធ្នូ ឆ្នាំ២០១៤។
ជោគវាសនារបស់ Kasaesbeh ដែលជាសមាជិកម្នាក់នៃក្រុមកុលសម្ព័ន្ធធំមួយដ៏អង់អាចក្លាហានរបស់រាជាណាចក្រ Hashemite នោះបានអង្រួនការឈឺចាប់ក្នុងបេះដូងពលរដ្ឋហ្ស៊កដង់រាប់សប្តាហ៍មកហើយ ។ ពលរដ្ឋហ្ស៊កដង់ខ្លះបានរិះគន់ព្រះមហាក្សត្រ ព្រះបាទ Abdullah ថា ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រមានភាពស្មុគស្មាញក្នុងសមរភូមិដឹកនាំដោយអាមេរិក ហើយថា ពួកភេវករនឹងបំផ្លិចបំផ្លាញមកលើហ្ស៊កដង់វិញ៕យ៉ាត សុមេធ
ប្រភព៖http://ukk-news.com/