មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ថា​ហេតុ​អ្វី​សាកសព​មេដឹកនាំ​ជាន់​ខ្ពស់​ខ្លះ​អាច​រក្សា​ទុក​បាន​យ៉ាង​យូរ ​រហូត​ដល់​ទៅ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ​នៅ​តែ​មិន​រលួយ ឬ​ស្អុយ។ មូលហេតុ​គឺ​ដោយ​សារ​គេ​មាន​វិធី​រក្សា​សាកសព តាម​ភាសា​បច្ចេកទេស​គេ​ហៅ​ថា «អប់​សាកសព – embalm / mumify»។ ឧទាហរណ៍ សាកសព​មេ​បដិវត្ត​រុស្ស៊ី លោក​វ្ល៉ាឌីមៀរ​ឡេនីន (Vladimir Lenin) ​ចាប់​តាំង​ពី​ថ្ងៃ​លោក​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី២១ ខែ​មករា ​ឆ្នាំ១៩២៤ ​មក​ទល់​នឹង​ពេល​នេះ គឺ​មាន​រយៈពេល​សឹង​តែ ៩០ ឆ្នាំ​គត់ ហើយ​សាកសព​របស់​លោក​នៅ​ស្រស់​ញញឹម ដូច​មនុស្ស​ដេក​លក់​ដូច្នោះ​ដែរ។

​ប្រទេស​រុស្ស៊ី​មាន​បច្ចេក​ទេស​ពិសេស ខាង​អប់​សាកសព និង​កែសម្ផស្ស​ប្ដូរ​មុខ​មាត់​ និង​រូបរាង​មនុស្ស​ទៅ​ជា​មនុស្ស​ផ្សេង។ នេះ​ក៏​ដោយ​សារ​តែ​បច្ចេកទេស​រក្សា​ទុក​សាកសព​របស់​គេ​មាន​បច្ចេកទេស​ពិសេស អាច​រក្សា​ទុក​សាកសព​មិន​ឲ្យ​រលួយ ដោយ​សារ​​គេ​បាន​សិក្សា​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​សាកសព​រលួយ ហើយ​គេ​រក​វិធី​ទប់​ទល់។ សាកសព​លោក​ឡេនីន ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ទូកញ្ចក់​បិទ​ជិត ហើយ​តម្កល់​នៅ​វិមាន​តម្កល់​សព ឬ​មតចេតិយ (Buried: Lenin’s Mausoleum) នៃ​ទីក្រុង​មូស្គូ។ខាង​ក្រោម​នេះ​ជា​វិធី​រក្សា​ទុក​សាកសព​បុគ្គល​ល្បីៗ ដែល​ស្លាប់​រាប់​សិប​ឆ្នាំ​ហើយ ឲ្យ​នៅ​តែ​អាច​រក្សា​ទ្រង់ទ្រាយ​ដើម។

​សាកសព​ចាប់​ផ្ដើម​ប្រែប្រួល​ជា​បណ្ដើរ តាំង​ពី​វិនាទី​ដំបូង​នៃ​ការ​ស្លាប់​របស់​មនុស្ស​ណា​ម្នាក់។ នេះ​ជា​ដំណាក់កាល​ដំបូង។ បេះដូង​ឈប់​ដើរ – ឈាម​ឈប់​រត់​ក្នុង​សរសៃ​ឈាម – ​ស្បែក​ចាប់​ផ្ដើម​ឡើង​ពណ៌ស្វាយ។ ​ប៉ុន្មាន​ម៉ោង​ក្រោយមក សរសៃពួរ​ចាប់​ផ្ដើម​ឡើង​រឹង​កំព្រឹស ហើយ​បណ្ដាល​ឲ្យ​ដៃ​ជើង និង​ខ្លួន​ប្រាណ​សាកសព​ទាំង​មូល​ឡើង​រឹង​ស្ដូក។ ចលនការ​នៃ​ការ​ពុក​ផុយ (decomposition) គឺ​ចាប់​ផ្ដើម​នៅ​ពេល​ហ្នឹងឯង។

​នៅ​ក្នុង​ដំណាក់កាល​នេះ កម្រិត​ប៉េហាស់ (pH) ​ចាប់​ផ្ដើម​ប្រែប្រួល​នៅ​ក្នុង​ខ្លួន​សាកសព ហើយ​បណ្ដាល​ឲ្យ​ជញ្ជាំង​កោសិកា​រហែក។ កោសិកា​បញ្ចេញ​អងហ្ស៊ីម (enzyme) ​រំលាយ​កោសិកា​ខ្លួន​ឯង។ ​ចំណែក​ពពួក​បាក់តេរី​នៅ​ក្នុង​សព៌ាង្គកាយ​សាកសព​ស្រូប​យក​ឧស្ម័ន​អុកស៊ីហ្សែន​អស់​រលីង​។
អាស្រ័យ​ដោយ​សារ​គ្មាន​អុកស៊ីហ្សែន​បន្ថែម​ចូល​ទៅ​ក្នុង​ខ្លួន​សាកសព បណ្ដាល​ឲ្យ​ពពួក​បាក់តេរី​នៅ​ក្នុង​ខ្លួន​សាកសព​ងាប់​អស់​ ហើយ​ពួក​បាក់តេរី​ដែល​រស់នៅ​ខាង​ក្រៅ ក៏​ជ្រៀត​ចូល​ទៅ​ក្នុង​សាកសព។គ្រឿង​ផ្សំ​សម្រាប់​អប់​សាកសព​មេដឹកនាំ​ល្បីៗ​តួយ៉ាង​ដូច​ជា​ឡេនីន​ជាដើម មាន​គ្រឿង​ផ្សំ​ដូច​តទៅ៖ ១- ទឹក​សូលុយស្យុង (solution) ​សម្រាប់​ត្រាំ​សាកសព និង​ងូត​ជម្រះ​សាកសព ២- សារធាតុ​ហ្វ័ម៉ុល (formaldehyde) ៣- មេតាណុល។ បី​មុខ​នេះ​ជា​វត្ថុធាតុ​ចាំបាច់​បំផុត។ វត្ថុ​ធាតុ​ដទៃ​ទៀត​ដូចជា៖ សារធាតុ​ហ្វេណុល (phenols) – ទឹកសាប – និង​សារធាតុ​សម្រាប់​រក្សា​កម្រិត​ប៉េហាស (pH) ​នៅ​ក្នុង​ទឹក​ឲ្យ​មាន​លំនឹង និង​ថ្នាំ​ពណ៌​សម្រាប់​រក្សា​ពណ៌​ស្បែក​សាកសព​ឲ្យ​មាន​ពណ៌​ស្រស់​ស្អាត កុំ​ឲ្យ​ស្លេក​ពេក។ទឹក​សូលុយស្យុង​នេះ ដើរ​តួ​ជា​ប្រូតេអ៊ីន​ដែល​ស្រោប​ជុំវិញ​កោសិកា ហើយ​មាន​តួនាទី​ពីរ​យ៉ាង គឺ​កម្ចាត់​ពពួក​បាក់តេរី​ និង​បម្លែង​កោសិកា​ទាំង​នោះ ឲ្យ​ក្លាយ​ជា​សារធាតុ​ដែល​បាក់តេរី​មិន​ត្រូវ​ការ​ស៊ី ឬ​មិន​ត្រូវ​ការ​រស់​នៅ​។ គេ​ត្រូវ​រក្សា​សំណើម​នៅ​ក្នុង​ខ្លួន​សាកសព និង​បណ្ដុះ​សក់​ថ្មី​ជា​ប្រចាំ ​ព្រោះ​សក់​ចាស់​បាន​ជ្រុះ​អស់​ហើយ។ ប៉ុន្តែ​សំណើម​ជា​កន្លែង​ទាក់​ទាញ​បាក់តេរី​បំផុត ដូចនេះ គេ​ត្រូវ​រក​វិធី​កម្ចាត់​បាក់តេរី មួយ​ដំណាក់កាល​ទៀត។ ​ដូចនេះ គេ​ត្រូវ​រក​វិធី​រក្សា​សំណើម​ផង និង​កម្ចាត់​បាក់តេរី​ផង។ ដូចជា​ក្នុង​ករណី សាកសព​លោក​ឡេនីន – រៀងរាល់​ពីរ​សប្ដាហ៍ គេ​យក​សាកសព​ឡេនីន​ទៅ​លាង​សម្អាត​ ដៃ និង​ផ្ទៃ​មុខ។
មួយ​ឆ្នាំ​ម្ដង មតចេតិយ​ត្រូវ​បិទ​ទ្វារ​មួយ​គ្រា មិន​ទទួល​ភ្ញៀវ​ទៅ​គោរព​សព​ឡេនីន​ទេ​ ដើម្បី​លាង​សម្អាត​ពេញ​មួយ​តួ​ខ្លួន។ ក្រៅ​ពី​នោះ មាន​អ្នក​ជំនាញ​ខាង​ផាត់​ពណ៌​លើ​ផ្ទៃ​មុខ ដើម្បី​ឲ្យ​មាន​ពន្លឺ និង​ពណ៌​ស្រដៀង​នឹង​មនុស្ស​ពិតៗ។ និយាយ​មួយ​ម៉ាត​ដោយ​ខ្លី​ ដើម្បី​រក្សា​ទុក​សាកសព​ឲ្យ​បាន​យូរ​អង្វែង គេ​ត្រូវ​ធ្វើ​យ៉ាងណា​កម្ចាត់​បាក់តេរី​កុំ​ឲ្យ​មាន​ឱកាស​បាន​រស់​នៅ​លើ​ខ្លួន​សាកសព នោះ​គេ​អាច​រក្សា​ទុក​សព​នោះ​យូរ​អង្វែង ដល់​រាប់​រយ​ឆ្នាំ ឬ​លើស​នេះ​ក៏​បាន៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ http://www.thebnews.com/
 
Top