នីឡា រួមជាមួយ នាយចឺម នាយក្រូច និង ស្រីអ៊ិត បានទៅចូលរួម MV ឲ្យផលិតកម្មសាន់ដេ ហើយ នៅម៉ោង ប្រហែលជា ២ និង ៣០ នាទី រសៀល ម្សិលមិញ នីឡា ត្រូវបានចោរលួចទូរសព្ទ ១ គ្រឿង ក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ គ្រាដែលនាងទៅប្ដូរសំលៀកបំពាក់ ដោយរវល់ពេកភ្លេចចាប់អារម្មណ៍ទូរសព្ធ។ នីឡា និយាយថា iPhone 6 មានតម្លៃជាង ៨០០ ដុល្លារ ទើបតែនឹងទិញ ថ្មីៗនេះ។
នីឡា និយាយទាំងមុខស្រងូតថា នាងភ្លេចខ្លួន មិនដល់ ១៥ នាទី ផង ទូរសព្ទនោះ ចោរលួចទៅបាត់ ហើយខលក៏លែងចូលតែម្ដង។ ភា្លមៗ នាងបានទូរសព្ទប្រាប់ លោក វណ្ណរិទ្ធី ហៅតាវ៉ិចទ័រ ដែលជាឪពុករបស់នាងឲ្យបានដឹង។
ទោះបីជាយ៉ាងណា នីឡា បញ្ជាក់ថា ទូរសព្ទដែលបាត់នោះ នឹងមិនស្វែងរកកិច្ចអន្ដរាគមន៍ពីសមត្ថកិច្ចឡើយ ព្រោះគិតថា នឹងមិនអាចស្វែងរកឃើញ ដោយនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ មានមនុស្សច្រើនចេញចូល មិនដឹងនរណាម្នាក់នោះទេ។
ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នីឡា បានត្រៀមចម្រៀងមួយបទ គឺបទ “ម៉ាក់ដឹងម៉ាក់វ៉ៃ”។
តារាស្រី ១៥ ឆ្នាំ រូបនេះ បានប្រាប់ថា តាមពិតសាន់ដេ ធ្វើបទឲ្យនាងច្រៀង ២ បទ ប៉ុន្តែ ដោយពេលវេលាខ្លី ច្រៀងមិនទាន់ ចេញបានតែ ១ បទ ប៉ុណ្ណោះ។ តាមការរៀបរាប់ របស់នីឡា នាងមិនទាន់បានចុះកុងត្រា ជាមួយផលិតកម្មសាន់ដេនៅឡើយទេ។
កូនស្រី តាវ៉ិចទ័រ ម្នាក់នេះ មិនទាន់ហ៊ានសន្និដ្ឋានថា បទចម្រៀងរបស់នាងអាចទទួលបានគាំទ្រកម្រិតណានៅឡើយ ព្រោះជាបទដំបូងត្រូវរង់ចាំចេញលក់នៅលើទីផ្សារសិន ទើបអាចវាយតម្លៃបាន៕
ប្រភព៖ http://news.sabay.com.kh/article/288324
ប្រភព៖ http://news.sabay.com.kh/article/288324