ប្រទេសកូរ៉េខាងជើងតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងភ្នំពេញ បានស្នើអោយអាជ្ញាធរកម្ពុជាទប់ស្កាត់ការផ្សព្វផ្សាយខ្សែភាពយន្ត រឿង The Interview ដែលផ លិតដោយក្រុមហ៊ុន Sony Pictures។ ខ្សែភាពយន្ត រឿង The Interview ដែលកូរ៉េខាងជើងបានចាត់ទុកថា ជាការប្រមាថទៅលើមេដឹកនាំកំពូលរបស់ខ្លួននេះ។
ក្រោយទទួលបានកំណត់ទូតតវ៉ាពីស្ថានទូតកូរ៉េខាងជើង កាលពីថ្ងៃទី៨ ខែមករា លោក ឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានសុំកិច្ចសហការពីសំណាក់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយរឿង The Interview។
លិខិតរបស់ក្រសួងការបរទេស ដែលចុះហត្ថលេខាដោយលោក ឡុង វិសាលោ បានចូលទៅដល់ក្រសួងព័ត៌មានកាលពីថ្ងៃទី២១មករា និងសមាគមទូរទស្សន៍កម្ពុជានៅថ្ងៃទី២៤មករា ដោយបានជំរាបជូនថា ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំនៅទីក្រុងភ្នំពេញ បានធ្វើកំណត់ទូតតវ៉ាថា ខ្សែភាពយន្តរឿង The Interview ជារឿងប្រមាថដល់មេដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងជើង ហើយត្រូវបានថតចម្លងពី Internet និងកំពុងដាក់លក់ចែកចាយនៅទីផ្សារមួយចំនួននៅកម្ពុជា។
ភាគីកូរ៉េបានចាត់ទុកសកម្មភាពនេះថា ជាការឃុបឃិតមួយ ដោយកំលាំងអមិត្ត នាំអោយបែកបាក់ដល់ទំនាក់ទំនងជាប្រពៃណីរបស់ប្រទេសទាំងពីរ។ នៅក្នុងលិខិតនេះ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា ក៏បានស្នើកម្ពុជា ចាត់វិធានការបញ្ឈប់ការលក់ខ្សែភាពយន្តនេះ និងស្នើកុំអោយមានការចាក់ផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ ឬការចាក់បញ្ចាំងតាមរោងភាពយន្តនៅកម្ពុជានោះឡើយ។
សូមរំលឹកជូនថា ខ្សែភាពយន្ត រឿង The Interview ដែលផលិតដោយក្រុមហ៊ុន Sony Pictures ត្រូវបានចាត់ទុកថា ជាខ្សែភាពយន្តដែលប្រមាថដល់មេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គឹម ជុងអ៊ុន នេះ បានចាក់បញ្ចាំងជាលើកដំបូងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៤។ នៅថ្ងៃដំបូងនៃការចាក់បញ្ចាំងដ៏ចម្រូងចម្រាស់នោះ ខ្សែភាពយន្តបែបកំប្លែងនេះ អាចរកចំណូលបាន១លានដុល្លារ៕ប្រពភៈhttp://km.rfi.fr/