ប្រវត្តិរូបរបស់អ្នកមួយច្បាប់ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការថ្ពក់ចិត្តប្រធានក្រុមហ៊ុន រឺបុគ្គលិកផ្នែកណាមួយដែលនឹងត្រូវជ្រើសរើសអ្នកជាបុគ្គលិក ឲ្យមានការចាប់អារម្មណ៍មកលើអ្វីដែលអ្នកបានសរសេរ ។
នៅក្នុងក្រុមហ៊ុនមួយ វាគឺជារឿងធម្មតាទេ ដែលគេត្រូវទទួលបេក្ខជនដែលបានដាក់ពាក្យរាប់រយអ្នកក្នុងផ្នែកមួយ ដែលគេកំពុងត្រូវការនោះ ហើយការប្រគួតប្រជែងក៏មានភាពតានតឹងណាស់ដែរ ។ ដូច្នេះ Cool នឹងនាំមកជូនប្រិយមិត្តនូវវិធីសាស្រ្ត ខ្លឹមៗទាំងបីដែលអាចជួយឲ្យអ្នកសរសេរបែបបទសុំចូលបម្រើការងារបានយ៉ាងមានប្រសិទ្ធភាព៖
1/. កុំខ្លាចក្នុងការលុប
ការសរសេរប្រវត្តិរូបមួយច្បាប់ វាមិនចាំបាច់តម្រូវឲ្យអ្នកត្រូវតែរៀបរាប់អំពីដំណើរនៃឆាកជីវិតទាំងមូលរបស់អ្នកនោះទេ និយាយឲ្យខ្លីទៅ គឺអ្នកគ្រាន់តែសរសេរវាកាត់ៗ ខ្លីៗមានន័យគ្រប់គ្រាន់ដើម្បីឲ្យអ្នកអាន ចាប់បាននូវអ្វីដែលគេចង់ដឹងអំពីអ្នកទៅបានហើយ ។ ជាអ្នកជ្រើសរើសបុគ្គលិកម្នាក់ គឺពួកគេត្រូវមានលក្ខណៈសម្បត្តិក្នុងភាពជាអ្នកដឹងនាំច្រើនយ៉ាង នៅពេលដែលពួកគេប្រកាស ត្រូវការជ្រើសរើសបុគ្គលិក គឺបានន័យថាស្ថាប័នរបស់ពួកគេ មានភាពមមាញឹកច្រើនដែលត្រូវការស្វែងរកអ្នកជួយពួកគេ ។ ដូច្នេះក្នុងពេលដែលអ្នក សរសេរសំណុំបែបបទ ស្នើរការងារ អ្នកត្រូវតែត្រួតពិនិត្យនូវអ្វីដែលអ្នកបានសរសេរ ឲ្យបានល្អិតល្អន់ និងអានសារចុះសារឡើងឲ្យបានច្រើន ដើម្បីពិនិត្យពិច័យនូវអ្វីដែលត្រូវបំពេញបន្ថែម រឺត្រូវលុបចោល ។
2/. សរសេរឡើងវិញនូវការពិពណ៌នាអំពីការងារទាំងឡាយរបស់អ្នក
សូមជៀសវាងកុំយកប្រវត្តិរូប ដែលអ្នកបានសរសេរហើយដដែលៗ ផ្ញើរទៅគ្រប់មុខដំណែងដែលគេកំពុងជ្រើសរើសនោះឲ្យសោះ ធ្វើដូចនេះ អ្នកនឹងខាតបង់ឱកាសសម្រាប់មុខតំណែងមួយដែលអ្នកចង់ធ្វើនោះជាក់ជាមិនខានឡើយ ។ សូមពិនិត្យនូវការពិពណ៌នាអំពីការងារទាំងឡាយរបស់អ្នក ឲ្យបានម៉ដ្ឋចត់ម្ដងហើយម្ដងទៀត គឺធ្វើយ៉ាងណា ឲ្យសំណុំឯកសារស្នើរសុំការងារ របស់អ្នកក្លាយជាហេតុផលមួយដែលមានឥទ្ធិពល ថាហេតុអ្វីបានអ្នកពិតជាអាចបំពេញការងារក្នុងមុខដំណែងមួយដែលអ្នកពេញចិត្តនោះ បានយ៉ាងល្អប្រសើរ ។ មុននឹងចេញផ្សាយនូវដំណឹងជ្រើសរើសបុគ្គលិកមួយទៅបាន គឺបណ្ដាក្រុមហ៊ុន រឺស្ថាប័ននីមួយៗបានចំណាយពេល និងគំនិតច្នៃប្រឌិតមិនតិចទេ ក្នុងការរចនាឲ្យបាននូវលិខិត រឺដំណឹងជ្រើសរើសបុគ្គលិកមួយដែលអាចទាក់ទាញចិត្ត អ្នកដែលកំពុងស្វែងរកការងារឲ្យមានចំណាប់អារម្មណ៍ ហើយចង់ចូលបម្រើការងារក្នុងស្ថាប័ននោះ ។ ដូច្នេះអ្នកគួរតែរៀនអំពីបទពិសោធន៍ដ៏ល្អមួយនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នក ក្នុងការសរសេរនូវការពិពណ៌នាអំពីបទពិសោធន៍ការងាររបស់អ្នក ។ ដំណឹងប្រកាសជ្រើសរើសបុគ្គលិក វាគឺជាជំហានដំបូងមួយដែលមានសារប្រយោជន៍ដល់អ្នក ដើម្បីស្វែងយល់ពីអ្វីដែលស្ថាប័នមួយគេកំពុងត្រូវការ ។ ចំណុចសំខាន់មួយទៀតគឺពេលសរសេរ CV អ្នកត្រូវដាក់បញ្ចូលបន្ថែមនូវបទពិសោធន៍ រឺជំនាញមួយដែលអ្នកធ្លាប់ប្រលូក ឲ្យចំអ្វីដែលអង្គការ រឺស្ថាប័នមួយគេកំពុងត្រូវការ ។ ហើយសូមចាំថា ការសម្ដែងអំពីការប្ដេជ្ញាចិត្ត រឺសង្កត់ធ្ងន់ថា ហេតុអ្វីបានជាអ្នកគួរតែត្រូវបានគេជ្រើសរើស ឲ្យចូលបម្រើការងារ រឺអាចបំពេញការងារមួយបានយ៉ាងល្អប្រសើរ នេះគឺជារឿងចាំបាច់បំផុត ។
3/. បង្ហាញនូវលទ្ធផលក្នុងការងាររបស់អ្នកពីមុន
ប្រវត្តិរូបរបស់អ្នក គឺនឹងមានឥទ្ធិពលណាស់សម្រាប់អ្នកអាន ប្រសិនបើអ្នកបានបន្ថែមអំពីកិច្ចខិតខំក្នុងការងាររបស់អ្នកពីមុន ។ ប្រធានក្រុមហ៊ុន រឺអ្នកសម្ភាសន៍បុគ្គលិក គេមិនត្រឹមតែចង់ឃើញអំពីមុខតំណែងការងារ រឺការទទួលខុសត្រូវក្នុងការងាររបស់អ្នកពីមុននោះទេ អ្វីដែលសំខាន់គឺគេចង់ឃើញនូវភាពជោគជ័យនៃលទ្ធផលការងាររបស់អ្នក ថាតើអ្នកបានជួយជម្រុញអត្រានៃការលក់បានកម្រិតណា? រកអតិថិជនចូលក្រុមហ៊ុនបានប៉ុន្មាន? តើអ្នកបានសម្រេចការលក់ក្រោមគោលដៅដែលបានកំណត់រឺទេ? ហើយអ្នកបានធ្វើ ឲ្យអតិថិជន រឺក៏ថៅកែរបស់អ្នកពេញចិត្តនឹងការងាររបស់អ្នកពីមុនដែរឬទេ? ហើយលើសពីនេះទៅទៀត អ្វីដែលអ្នកបានរៀបរាប់នោះត្រូវតែជាការពិត គឺមិនត្រូវសរសេរបំភ្លើសឡើយ ទោះអ្នកបានជោគជ័យតិចតួច រឺច្រើនក៏ដោយ ។
ចំណុចសំខាន់ទាំងបីខាងលើនេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ជួយដល់ការស្វែងការងារ ក្នុងមុខតំណែងសំខាន់ៗ រឺសម្រាប់ប្រិយមិត្តដែលទើបនឹងស្វែងរកការងារធ្វើ ហើយអ្នកក៏នឹងមានអាទិភាពខ្ពស់ផងដែរក្នុងការអញ្ជើញទៅសម្ភាន៍មុនគេ។
ប្រភព៖http://coolfm1007pp.com/article/53
ប្រភព៖http://coolfm1007pp.com/article/53