កាលពីថ្ងៃព្រហស្បតិ៍ យន្តហោះចម្បាំងជាង១០គ្រឿងរបស់ហ្សកដានីបានចេញទៅទម្លាក់គ្រាប់បែកនៅលើទីតាំងរបស់ក្រុមជីហាត នៅក្នុងទឹកដីស៊ីរី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិហ្សកដានី ដោយមានការចូលរួមផ្តល់ព័ត៌មានយ៉ាងច្រើន ពីកងទ័ពអាមេរិកាំង យន្តហោះចម្បាំងហ្សកដានីបានសម្រេចទម្លាក់គ្រាប់បំផ្លាញ ទីតាំងហ្វឹកហាត់ និងឃ្លាំងស្តុកអាវុធរបស់ក្រុមជីហាត។
ក្រសួងការពារជាតិស៊ីរី មិនបានបញ្ជាក់ឈ្មោះទីកន្លែង ដែលខ្លួនបើកប្រតិបត្តិការប្រឆាំងនឹងក្រុមជីហាតនោះទេ។ ប៉ុន្តែ ប្រភពរបស់ទីភ្នាក់ងារសុន្តិសុខរបស់ហ្សកដានីបានបង្ហើបឲ្យដឹងថា ប្រតិបត្តិការទ័ពអាកាសរបស់ហ្សកដានីផ្តោតលើទីក្រុងរ៉ាក់ការ ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម នៅក្នុងទឹកដីស៊ីរី។
សម្រាប់រដ្ឋមន្រ្តីការបរទេសហ្សកដានី ដែលបានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍CNN កាលពីថ្ងៃព្រហស្បតិ៍ នេះគ្រាន់តែជាការចាប់ផ្តើមនៃប្រតិបត្តិការសងសឹករបស់រដ្ឋាភិបាល តែប៉ុណ្ណោះ ហើយហ្សកដានីនឹងនៅតែបន្តធ្វើ រហូតដល់លុបបំផ្លាញក្រុមជីហាតចោលទាំងស្រុង។ កាលពីថ្ងៃពុធ ព្រះមហាក្សត្រអាប់ដាឡាទីពីរ បានថ្លែងរួចហើយ នឹងធ្វើសង្រ្គាមមិនបន្ថយដៃ ប្រឆាំងនឹងក្រុមជីហាត ដែលបានដុតសម្លាប់
សូមបញ្ជាក់ថា ហ្សកដានី និងប្រទេសអារ៉ាប់បីផ្សេងទៀត ទៀត ដែលមានដូចជា អេមីរ៉ា អារ៉ាប់រួម បានចូលរួមជាមួយសម្ព័ន្ធអន្តរជាតិ ដឹកនាំដោយអាមេរិក ដើម្បីវាយប្រហារតាមផ្លូវអាកាស ទៅលើក្រុមជីហាត នៅក្នុងទឹកដីស៊ីរី។ តាមកាសែតThe New York Times ប្រទេសអេមីរ៉ា អារ៉ាប់រួមបានផ្អាក លែងចូលរួម នៅក្នុងប្រតិបត្តិការទ័ពអាកាសរបស់សម្ព័ន្ធអន្តរជាតិ នៅក្នុងទឹកដីស៊ីរី នៅក្រោយពេលដែលអ្នកបើកយន្តហោះចម្បាំងហ្សកដានី ត្រូវពួកជីហាត ចាប់ខ្លួន បាន នាចុងខែធ្នូកន្លងទៅ។ ក្រៅតែពីខ្វះមធ្យោបាយសម្រាប់ជួយសង្រ្គោះអ្នកបើកយន្តហោះ អេមីរ៉ា អារ៉ាប់រួម នៅបានបន្ទោសកងកម្លាំងសម្ព័ន្ធមិត្ត ថា មិនបានគោរពពាក្យសន្យា ដែលថា យល់ព្រម បំពាក់អាវុធឲ្យក្រុមស៊ុននីតក្នុងទឹកដីអ៊ីរ៉ាក់។ នេះបើតាមការចុះផ្សាយរបស់កាសែតផ្លូវរដ្ឋរបស់អេមីរ៉ា អារ៉ាប់រួម នៅថ្ងៃសុក្រនេះ។ នៅក្នុងកិច្ចប្រជុំក្នុងទីក្រុងឡុងដ៍ អេមីរ៉ា អារ៉ាប់រួមធ្លាប់បានបញ្ជាក់រួចហើយថា គេមិនអាចយកឈ្នះលើក្រុមជីហាត នៃអង្គការរដ្ឋអ៊ីស្លាម ដោយប្រើតែការវាយប្រហារជើងអាកាស និងសង្រ្គាមឃោសនា នោះទេ។
ប្រភព៖ http://km.rfi.fr/