ការថ្លែងរបស់ ឯកឧត្តម ស ខេង បានឲ្យដឹងក្នុងឱកាសមានមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់រាជធានីខេត្ត រហូតដល់ថ្នាក់ក្រុងស្រុក បានចូលក្នុងអង្គសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គជអប នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា ការមិនមានធនធានពិតប្រាកដ ត្រូវបានគេឃើញថា គឺបានបង្កភាពរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ ពិសេសការអនុវត្តផែនការអនុវត្ត(ផអ៣)របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង មានប្រសាសន៍ថា ក្នុងផែនការអនុវត្ត ផអ៣ ដំណាក់កាលទី១ ដែលមានគោលដៅសំខាន់ គឺការរៀបចំដាក់ឲ្យអនុវត្តនូវគោលនយោបាយ និងលិខិតបទដ្ឋាននានា ដែលឆ្លុះបញ្ជាំងនៅក្នុងទស្សនៈវិស័យការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសកន្លងមក គឺពុំទទួលបានជោគជ័យទេ ដោយផែនការអនុវត្តរយៈពេល៣ឆ្នាំនោះ បានបន្តពន្យាពេលអនុវត្តបន្តមកដល់ឆ្នាំ២០១៤ទៀត។ ឯកឧត្តម មានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានបង្កើតឡើងជាថ្មីរយៈពេល៤ឆ្នាំកន្លងមកនេះ ពិតជាពុំទាន់មានមុខងារជាក់លាក់ណាមួយដែលត្រូវផ្ទេរពីក្រសួង ស្ថានប័ននានាទៅឲ្យថ្នាក់ក្រោមជាតិនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការអនុវត្តផែនការ ផអ៣ ដំណាក់ការទី២នេះ នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងប្រើប្រាស់ថវិកាជាតិប្រមាណជាង៣២៦លានដុល្លារអាមេរិច សម្រាប់ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ និងសម្រាប់ការអភិវឌ្ឍរដ្ឋបាលនៅថ្នាក់មូលដ្ឋាន៕
ប្រភព៖http://www.police.gov.kh/news/leading-activity-7/2015-02-06-17-56-12-11155