ប្រភេទត្រីបាឡែនខ្លួនខ្មៅប្រហែលជាង ១៤០ក្បាលបានជាប់នៅទ្រឹងនៅឆ្នេរសមុទ្រញ៉ូហ្សឺលែនបានងាប់ហើយ ចាប់តាំងពីវាបានមកទើនៅទីនោះតាំងពីថ្ងៃសុក្រកន្លងទៅ។ ទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះបានបង្ហាញឲ្យឃើញសាកសពត្រីបាឡែនលិចទឹកត្រឹមពាក់កណ្តាលខ្លួន ដែលនៅលើផ្ទៃសន្ធឹងជាង ១គីឡូម៉ែត្រនៃតំបន់ Farewell Spit លើកោះភាគខាងត្បូងញ៉ូហ្សឺលែន។
បុគ្គលិកអភិរក្ស និងអ្នកស្ម័គចិត្តជាច្រើនបានចូលទៅជួយសង្រ្គោះ និងសង្ឃឹមថាអាចជួយវា ៦០ក្បាលឲ្យរស់រាន្តមានជីវិត បន្ទាប់ពីពួកគេបានរុញច្រាន និងដឹកទៅកាន់សមុទ្រមានទឹកជ្រៅវិញ។ នៅពេលត្រីមាឌធំទាំងនេះជាប់នៅទឹករាក់បែបនេះ ធ្វើឲ្យវាស្ងួតខ្លួនយ៉ាងលឿន រួចក៏ត្រូវពន្លឺថ្ងៃរលាកស្បែក និងអាចស្លាប់តែម្តង។
ចំណែកមូលហេតុដែលត្រីបាឡែនខ្លួនខ្មៅមកជាប់នៅត្រឹងបែបនេះ មិនទាន់មានអ្នកណា ម្នាក់យល់នៅឡើយទេ តែគេគិតថាមកពីបាតុភូតធម្មជាតិ ហើយកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរផងដែរ៕
ដោយ៖ភារុណ
ប្រភព៖ My lekha News