គោលបំណងនៃការជូនអាំងប៉ាវក្រហម គឺដើម្បីបញ្ជូនពរនិងសំណាងល្អដល់អ្នកទទួល ហើយក៏ដើម្បីទទួលបានសំណាងនោះមកវិញផងដែរ។ ពេលទទួលបានអាំងប៉ាវ អ្នកពិតជាមានភាពរីករាយ ប៉ុន្តែការបើកអាំងប៉ាវអ៊ុតចំនួនលុយមុខអ្នកឲ្យ គឺជារឿងមិនសមគួរ។
ជាទម្លាប់ បើអ្នកមិនទាន់រៀបអាពាហ៍ពិពាហ៍ទេ មិនចាំបាច់ជូនអាំងប៉ាវទៅអ្នកដទៃឡើយ។ ចំណែកសាច់ញាតិរបស់អ្នក ដូចជាឪពុកម្ដាយ និងកុងម៉ា គួរបន្តផ្ដល់អាំងប៉ាវដល់អ្នក បើទោះអ្នករៀបការរួចក៏ដោយ។ ការធ្វើបែបនេះ ដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការជូនពរដល់អ្នក។
នៅក្នុងអាំងប៉ាវនីមួយៗ តែងមានការដាក់លុយខុសៗគ្នាទៅតាមកម្រិតជីវភាពជាក់ស្ដែងរបស់អ្នកឲ្យ។ ជាការពិតណាស់ បើដាក់កាន់តែច្រើនរឹតតែល្អ ប៉ុន្តែអ្វីដែលសំខាន់ គឺអាំងប៉ាវដែលធ្វើពីក្រដាសពណ៌ក្រហម មិនមែនចំនួនលុយតិច ឬច្រើននៅក្នុងនោះទេ។
សម្រាប់អ្នកមាន គេប្រាកដជាដាក់លុយច្រើន ដើម្បីរកស៊ីធូរធារ លុយហូរចូលមកវិញដូចអ្វីដែលដាក់ក្នុងអាំងប៉ាវនោះ។ ចំណែកអ្នកមិនសូវសម្បូរធនធាន អាចមានការស្ទាក់ស្ទើរ មិនដឹងថាគួរដាក់ចំនួនប៉ុន្មានឲ្យស័ក្ដិសម និងមានហុងស៊ុយល្អ។
បើតាមគេហទំព័រ Chinahighlights របស់ចិន បានបញ្ជាក់ពីចំនួនលុយ ដែលគេច្រើនដាក់ក្នុងអាំងប៉ាវក្រហមដើម្បីទទួលបានហុងស៊ុយដូចខាងក្រោម៖
សម្រាប់អ្នកចាស់ជាង(ឪពុកម្ដាយ កុងម៉ា…) គេច្រើនដាក់ពី ៤០០យាន់(៦៤ដុល្លារ) ទៅ ២០០០យាន់(៣២០ដុល្លារ)
សម្រាប់អ្នកក្មេងជាងមិនទាន់មានចំណូល(ជាពិសេសអ្នកនៅរៀន ដូចជាក្មេងៗ សាច់ញាតិ និងមិត្តភ័ក្ដិជិតស្និទ្ធ) គេច្រើនដាក់ពី ៥០យាន់(៨ដុល្លារ) ទៅ ២០០យាន់(៣២ដុល្លារ)
សម្រាប់កូនខ្លួនឯងផ្ទាល់ គេច្រើនដាក់ ១០០យាន់(១៦ដុល្លារ) ឬច្រើនជាងនេះតាមចិត្តចង់
សម្រាប់បុគ្គលិកផ្ទាល់ គេច្រើនដាក់ពី ១០០យាន់(១៦ដុល្លារ) ទៅ ១០០០យាន់(១៦០ដុល្លារ)
សម្រាប់ក្មេងដទៃទៀត ដែលមិនមែនជាសាច់ញាតិ គួររៀបចំអាំងប៉ាវក្រហមតូចៗ ដោយដាក់លុយ ១០យាន់(១,៦ដុល្លារ) ទៅ ២០យាន់(៣,២ដុល្លារ) ក៏អាចនាំសំណាងល្អដល់អ្នកដូចគ្នា៕
ប្រភព៖http://news.sabay.com.kh/article/281475