មានដើមកំណើតក្នុងទីរួមខេត្តសៀមរាប កញ្ញា រដ្ឋា ណាវីននូ គឺជា និស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដែលគ្រោងទៅសិក្សានៅប្រទេសជប៉ុន ក្នុងពេលឆាប់ៗនេះ។ ពីមុនកញ្ញាមានភ័ព្វវាសនាទៅសិក្សា និង រស់នៅប្រទេសជប៉ុន ដែលល្បីល្បាញខាងបច្ចេកវិទ្យា និង គំនិតច្នៃប្រឌិតខ្ពស់ រយៈពេល ៥ ឆ្នាំម្តងហើយ តាមរយៈការធានារទាំងគ្រួសារមានម្តាយ និង ប្អូនប្រុសអាយុ ៣ ឆ្នាំ បន្ទាប់ពីលោកឪពុកបានប្រលងជាប់ អាហារូបករណ៍ទៅសិក្សាជំនាញស្ថាបត្យកម្មរយៈពេល ៥ ឆ្នាំ ថ្នាក់អនុណ្ឌិត និង បណ្ឌិត។
ពេលទៅដល់ប្រទេសជប៉ុនដំបូងកាលពីឆ្នាំ ២០០៥ រដ្ឋា ណាវីននូ ដែលមានអាយុត្រឹម ៩ ឆ្នាំត្រូវអនុញ្ញាត ឲ្យរៀនថ្នាក់ទី ៤ បើទោះជាមិនចេះអក្សរជប៉ុនសូម្បីមួយពាក្យ ព្រោះការសិក្សានៅទីនោះ បានផ្តល់អាទិភាពលើអាយុច្រើនជាង។ ឆន្ទៈ និង ចំណង់ចំណូលចិត្តសិក្សាភាសាជប៉ុន បាននាំឲ្យកុមារីរូបនេះអាច សម្រេចនូវបំណងប្រាថ្នារបស់ខ្លួនទាំងវ័យក្មេង។
បច្ចុប្បន្ន កញ្ញា ណាវីននូ វ័យ ១៩ ឆ្នាំ ដែលមានឪពុកជាមន្រ្តី បម្រើការងារនៅអាជ្ញាធរអប្សរា និង ម្តាយ ជាស្រ្តីមេផ្ទះ អាចនិយាយ ស្តាប់ និង សរសេរភាសាជប៉ុនបានយ៉ាងល្អ។ កញ្ញា និង ក្រុមគ្រួសារបានវិលត្រលប់ពី ប្រទេស ជប៉ុនមកកម្ពុជាវិញកាលពីឆ្នាំ ២០១០។ “ពេលខ្ញុំរៀននៅស្រុកខ្មែរថ្នាក់ទី ៤ ទៅដល់ជប៉ុនគេតម្រូវ ឲ្យរៀនថ្នាក់ទី ៤ ដូចគ្នា។ ខ្ញុំចាំបានថាពេលចូលរៀនដំបូងស្តាប់អត់បាននោះទេ។ ប៉ុន្តែសំណាងខ្ញុំចេះភាសាអង់គ្លេសតិចតួច ទើបក្រោយមក ក្នុងមួយសប្តាហ៍សាសាបានតម្រូវ ឲ្យគ្រូជនជាតិ ជប៉ុនមកបំប៉ន ភាសាអង់គ្លេសខ្ញុំបានពីរម៉ោង ក្នុងមួយសប្តាហ៍គ្រាន់ទំនាក់ទំនងគ្នា។ រហូតស្តាប់គេរាល់ថ្ងៃ គួបផ្សំ និង ការខិតខំប្រឹង ខ្លួនឯងផង ខ្ញុំចេះភាសាជប៉ុនដោយអត់ដឹងខ្លួន”។
កញ្ញា រដ្ឋា ណាវីននូ ដែលការនិយាយភាសាជប៉ុនម្តងៗ សូរសម្លេង (តុង) ត្រូវបានជនជាតិជប៉ុនផ្ទាល់សរសើរថាដូចភាសាដើមកំណើត។ កញ្ញា បានរំលឹកថា ពេលសិក្សានៅប្រទេសជប៉ុន ដំបូងក្រៅពីលំបាក ចំពោះភាសាទំនាក់ទំនង ខ្លួនរងការរើសអើង និងការមើលស្រាលពីសិស្សជប៉ុន ដែលមានវ័យប្រហាក់ប្រហែលគ្នាផងដែរ។ ប៉ុន្តែ កញ្ញាមិនអស់សង្ឃឹម និង បានខិតខំប្រឹងប្រែងសិក្សា មិនឲ្យចាញ់សិស្សជប៉ុននោះទេ។ “ពួកគេដឹងខ្ញុំជាកូនខ្មែរ រស់នៅប្រទេសកំពុងអភិវឌ្ឍន៍ ស្រុកទេសសុទ្ធតែគ្រាប់មីន។ ប៉ុន្តែខ្ញុំមិនខ្វល់ ដឹងតែប្រឹងរៀន រហូតខ្ញុំអាចនិយាយភាសាជប៉ុន ខ្ញុំបានពន្យល់ ពួកគេក៏បានដឹងពីស្ថានភាពប្រទេសកម្ពុជា ”។
ក្នុងចំណោមមុខវិជ្ជាទាំងបី កញ្ញា រដ្ឋា ណាវីននូ ពេញចិត្តមុខជំនាញសេដ្ឋកិច្ចជាងគេ ព្រោះបច្ចុប្បន្នកម្ពុជានៅ មានតម្រូវការធនធានផ្នែកនេះ ច្រើនទៀត។ ម្យ៉ាងជប៉ុន គឺជា ប្រទេសមួយមានសេដ្ឋកិច្ចរីកចម្រើន និង មានអ្នកជំនាញច្បាស់លាស់។ ដូច្នេះសង្ឃឹមទៅថ្ងៃអនាគត និង យកចំណេះ មកអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាឲ្យបានល្អ ប្រសើរ ដូចប្រទេសជប៉ុន។
កញ្ញាបានដឹងព័ត៌មានស្តីពីអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស តាមរយៈអង្គការមួយ ដែលមាន ឈ្មោះ ថា “Sakura Human Training” ដែលបានផ្តល់ដំណឹងដល់សិស្សនៅតាមវិទ្យាល័យ ដែលមានបំណង សរសេរសំណេររបស់ខ្លួនជាភាសាជប៉ុនលើប្រធានបទអ្វីក៏បាន បន្ទាប់មកថ្នាក់គ្រប់គ្រង នៅសាលាបាន ផ្ញើទៅកាន់អង្គការខាងលើ។
បន្ទាប់មកមានការសម្រេចជ្រើសរើសអ្នកជាប់ចំណាត់ថ្នាក់ឲ្យឡើងមក រាជធានីភ្នំពេញ ធ្វើបទបង្ហាញនូវអ្វីដែលខ្លួនបានសរសេរជាភាសាជប៉ុន។ ណាវីននូ បានជ្រើសរើសប្រធានបទ ការទៅរស់នៅប្រទេសជប៉ុន ដោយការចាប់ផ្តើមដំបូងនៃសំណេរ បានរៀបរាប់ពីការជាប់អាហារូបករណ៍របស់លោកឪពុក និង ការធានាយកក្រុមគ្រួសារទៅនៅប្រទេសជប៉ុន ក៏ដូចផលលំបាកនៃការទំនាក់ទំនងពេលទៅដល់ប្រទេសជប៉ុនដំបូង។
ផ្នែកសំខាននៃសំណេរ កញ្ញាបានបង្ហាញពីការរំពឹងទុកដ៏ធំធេង នៃក្តីសុបិនខ្លួនឯង និងសង្គមជាតិ ប្រសិនបើ ត្រូវបានជ្រើសរើសឲ្យទៅសិក្សានៅប្រទេសជប៉ុន ។ បន្ទាប់ពីជាប់នៅវគ្គសំណេរ និងធ្វើបទបង្ហាញ កញ្ញា ត្រូវមកប្រលងសំណេរ និងសំភាសនៅស្ថានទូតជប៉ុនចំនួនពីរដងទៀត ទើបសម្រេចលទ្ធផល។ កញ្ញា រៀបរាប់ថា នេះគឺជាពេលវេលាដ៏មមាញឹកជាទីបំផុត ព្រោះត្រូវធ្វើដំណើរចុះឡើងភ្នំពេញ សៀមរាប។ ម្យ៉ាងជាឆ្នាំប្រលងបាក់ឌុបមានការរឹតបន្តឹងខ្លាំងសម្រាប់ឆ្នាំ២០១៤ កន្លងមកនេះ។ “ខ្ញុំព្យាយាមបែងចែក ពេលវេលាឲ្យច្បាស់លាស់ ព្រោះជាឆ្នាំប្រលងបាក់ឌុប ក្រសួងកែទម្រង់ខ្លាំង។ ម្យ៉ាងបើខ្ញុំធ្លាប់បាក់ឌុប ទោះសំភាសជាប់ក៏មិនបានទៅសិក្សានៅជប៉ុនដែរ។ ដូច្នេះក្នុងពេលតែមួយ ខ្ញុំបានរ៉ាប់រងរឿងធំពីរ ទី១ ត្រូវតែប្រលងបាក់ឌុបឲ្យជាប់ ទី២ ត្រូវសំភាសឲ្យជាប់។ ទីបំផុតខ្ញុំអាចធ្វើបាន”។ កញ្ញា រដ្ឋា ណាវីននូ បន្ថែម។
ដើម្បីទទួលបានជោគជ័យក្នុងការសិក្សានៅប្រទេសជប៉ុនលើកនេះ កញ្ញា រដ្ឋា ណាវីននូ បានត្រៀមខ្លួនរួច ជាស្រេច ក្នុងការរៀនរស់នៅ និងការសម្របខ្លួនគ្រប់កាលៈទេសៈ ពិសេសគឺភាសា ទោះបានសិក្សាភាសា ជប៉ុនច្រើនហើយក្តី កញ្ញានឹងត្រៀមសិក្សាស្រាវជ្រាវ ដោយខ្លួនឯងបន្ថែមទៀត ព្រោះ ការសិក្សា នេះទាមទារ ការប្រគួតប្រជែងខ្លាំង។ កញ្ញា រដ្ឋា ណាវីននូ បានចាត់ទុកជោគជ័យ នៃការ ទទួលបានអាហារូបករណ៍សិក្សា ប្រទេសជប៉ុនគឺជាបំណងប្រាថ្នារបស់ សម្រាប់ខ្លួនឯង និងឪពុកម្តាយផងដែរ។ “ម៉ាប៉ាក់ គាត់រៀងបារម្ភខ្លះដែរ ប៉ុន្តែគាត់គិតថា ការសិក្សាវាសំខាន់ណាស់ជាង”។
កញ្ញា រដ្ឋា ណាវីននូ បានរៀបរាប់ថា ដើម្បីអាចទទួលបានអាហារូបរកណ៍សិក្សាក្រៅប្រទេស ចំណេះ ដឹងជាភាពចាំបាច់មួយ ប៉ុន្តែទឹកចិត្តចង់បានអាហារូបករណ៍ក៏ជាកត្តាចាំបាច់ផងដែរ។ ចិត្តចង់ ធ្វើអ្វីក៏បាន សម្រេចដែរ។ ផ្ទុយទៅវិញបើយើងធ្វើអ្វីមួយដោយបង្ខំចិត្តនឹងមិនទទួលបានជោគជ័យនោះឡើយ។ ម្យ៉ាង ត្រូវច្បាស់លាស់លើមុខវិជ្ជាដែលត្រូវប្រលង និងមានគោលដៅមួយច្បាស់លាស់សម្រាប់ខ្លួនឯង៕
ប្រភព៖ Sabay