ប្រទេស​វេណេហ្ស៊ុយអេឡា ពេល​នេះ​កំពុង​ជួប​ប្រទះ​វិបត្តិ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់​ទំនិញ ដែល​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​​ដល់​ប្រជាជន។ ដើម្បី​ទិញ​ទំនិញ​ផ្សេង​ៗ​ដូច​ជា មាន់ ស្ករស ថ្នាំពេទ្យ និង​ផលិត​ផល​សំខាន់​ៗ​មួយ​ចំនួន​ទៀត អតិថិជន​ត្រូវ​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង។ លើស​ពី​នេះ​ទៅ​ទៀត ស្រោម​អនាម័យ ដែល​ប្រើ​ដើម្បី​ការពារ​ខ្លួន​ពី​មេរោគ​អេដស៍ ក៏​ពិបាក​រក​ទិញ​ដែរ ឬ​គ្មាន​សោះ​តែ​ម្ដង។



នៅ​ក្នុង​គេហទំព័រ​ដេញ​ថ្លៃ MercadoLibre ដែល​ប្រើប្រាស់​ដោយ​ជនជាតិ​វេណេហ្ស៊ុយអេឡា​ដើម្បី​ផ្គត់​ផ្គង់​ទំនិញ​កម្រ បាន​ដាក់​លក់​ស្រោម​អនាម័យ​ជា​កញ្ចប់​ក្នុង​តម្លៃ ៧៥៥​ដុល្លារ ដែល​មួយ​កញ្ចប់​មាន ៣៦ស្រោម។ តម្លៃ​ស្រោម​អនាម័យ​នេះ គឺ​ជិត​ស្មើ​នឹង​ប្រាក់​ខែ​​របស់​ជនជាតិ​វេណេហ្ស៊ុយអេឡា​ ដែល​ទទួល​បាន​ជាមធ្យម ៨៨៩​ដុល្លារ​ក្នុង​មួយ​ខែ។

“ប្រទេស​នេះ ពិតជា​រញ៉េរញ៉ៃ​មែន… ពេល​នេះ​ចង់​ឡើងឋានសួគ៌ ក៏​ត្រូវ​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង​ដែរ”។ នេះ​ជា​ការ​លើក​ឡើង​របស់​បុរស​វ័យ ៣១​ឆ្នាំ Jonatan Montilla ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​សិល្បៈ។ វេណេហ្ស៊ុយអេឡា គឺ​ជា​ប្រទេស​មួយ​ដែល​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍ និង​មាន​ក្មេង​ស្រី​ពពោះ​ច្រើន​បំផុត​មួយ ក្នុង​ចំណោម​ប្រទេស​នានា នៅ​ទ្វីប​អាមេរិកឡាទីន។ បើ​គ្មាន​ស្រោម​អនាម័យ​ប្រើប្រាស់ នោះ​ប្រជាជន​ពិត​ជា​រង​ទុក្ខ​លំបាក​ខ្លាំង ដោយ​ការ​ឆ្លង​មេរោគ​អេដស៍ និង​មាន​កូន​មិន​សម​តាម​ប្រាថ្នា ព្រោះ​ការ​រំលូត​កូន​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ក៏​ជា​រឿង​ខុស​ច្បាប់​ដែរ។
​​
​​​​
តម្លៃ​ប្រេង​ធ្លាក់​ចុះ​ខ្លាំង បាន​ធ្វើ​ឲ្យ​ការ​ផ្គត់​ផ្គង់​ទំនិញ​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ដែល​ជា​សមាជិក​របស់​អង្គការ​បណ្ដា​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ(OPEC) ជួប​វិបត្តិ​ស្ទើរ​ងើប​មុខ​មិន​រួច។ នៅ​ប្រទេស​មួយ​នេះ សេដ្ឋកិច្ច​ពឹង​ផ្អែក​ទៅ​លើ​ការ​នាំ​ចេញ​ប្រេង​ស្ទើរ​ទាំង​ស្រុង ហើយ​ចំណូល​ដែល​បាន​មក​ពី​បរទេស ៩៥​ភាគរយ ពឹង​ផ្អែក​លើ​ផលិតផល​ប្រេង។ ៧ខែ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ៦០​ភាគរយ ដែល​ធ្វើ​ឲ្យ​វេណេហ្ស៊ុយអេឡា​ជួប​វិបត្តិ​យ៉ាង​ខ្លាំង៕

ប្រភព៖ Sabay.com
 
Top