តារា​ចម្រៀង​ប៉ុប​កាណាដា Justin Bieber បាន​ប្រារព្ធ​ខួប​​កំណើត​របស់​ខ្លួន​ដោយ​ជួល​កោះ​ឯកជន​មួយ​នៅ​ជិត​ប្រទេស​ហ្គ្រីណាដា ​សម្រាប់​ការ​ជប់លៀង​យ៉ាង​អ៊ូអរ​​ កាល​ពី​​យប់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។
យោង​តាម​សារព័ត៌មាន TMZ តារា​ចម្រៀង​ទើប​ឈាន​ចូល​វ័យ ២១ឆ្នាំ​រូប​នេះ បាន​ដោះ​អាវ​រាំ​ដោយ​លើក​ដប​ស្រា​គ្រវី​ក្នុង​ដៃ អំឡុង​ពេល​ជប់លៀង​ជាមួយ​មិត្តភ័ក្ដិ និង​​តារា​ម៉ូដែល Hailey Baldwin ដែល​គេ​សង្ស័យ​ថា​ជា​សង្សារ​ថ្មី​របស់​គេ។
​​អ្នក​ចូលរួម​មួយ​រូប បាន​បង្ហោះ​​វីដេអូ​ដែល​គេ​ថត​បាន​នៅ​ពេល​ដែល​តារា​ចម្រៀង​គ្រវី​ដប​ស្រា​រាំ​បទ “In Da Club” របស់​តារា​ចម្រៀង 50 Cent។ តារា​ម៉ូដែល​វ័យ ១៨ឆ្នាំ Hailey ដែល​គេ​សង្ស័យ​ថា​ជា​សង្សារ​ថ្មី​របស់ JB ក៏​បាន​បង្ហោះ​រូបថត​ស្និទ្ធ​ស្នាល​ជាមួយ Justin Bieber ដែរ​នៅ​ថ្ងៃ​នោះ។ ដោយ​ឡែក​សង្សារ​ចាស់​របស់​គេ គឺ Selena Gomez មិន​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នេះ​ឡើយ។

ប៉ុន្មាន​សប្ដាហ៍​មុន ម្ចាស់​បទ “Baby” ​បាន​បង្ហាញ​មុខ​ជា​ច្រើន​ដង​ក្នុង​កម្មវិធី Ellen DeGeneres ក្នុង​បំណង​លុបលាង​​រឿង​អាស្រូវ​កន្លង​មក​ពាក់ព័ន្ធ​នឹង​អត្តចរិត​មិន​សមរម្យ​របស់​គេ ដូច​ជា​ការ​គប់​ពង​ទា​លើ​ផ្ទះ​អ្នក​ជិត​ខាង ការ​ប្រណាំង​ឡាន​តាម​ផ្លូវ​សាធារណៈ និង​ការ​ជប់លៀង​អ៊ូអរ​ដល់​យប់​ជ្រៅ​ជា​ដើម។ ប៉ុន្តែ​តាម​រយៈ​​ការ​ជប់លៀង​ខួប​កំណើត​លើក​នេះ គេ​ឃើញ​ថា Justin Bieber នៅ​តែ​ដដែល ៕​



ប្រភពៈhttp://news.sabay.com.kh/article/293073
 
Top