លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សម្រាក​នៅ​ស្រុក​កំណើត របស់​លោក​ក្នុង​ខេត្ត​តាកែវ វិញ​ហើយ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា អាការ​ជំងឺ​របស់ លោក ប៉ែន សុវណ្ណ បាន​ធូរស្រាល​ជាង​មុន គឺ​គាត់​អាច​ដឹង និង​អាច​ស្គាល់​មនុស្ស​បាន​ខ្លះ​ហើយ។ ទោះ​យ៉ាង​ណា លោក​ថា លោក ប៉ែន សុវណ្ណ មិន​ទាន់​អាច​ដើរ​រួច និង​និយាយ​បាន​នៅ​ឡើយ​ទេ។
លោក យឹម សុវណ្ណ បញ្ជាក់​ថា មូលហេតុ​ដែល​បញ្ជូន លោក ប៉ែន សុវណ្ណ ទៅ​សម្រាក​នៅ​ស្រុក​កំណើត​វិញ ដោយសារ​តែ​វា​មិន​មាន​ការ​ចាំបាច់​ដែល​ត្រូវ​ឲ្យ​គាត់​នៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បន្ត​ទៀត។ លោក​ថា គាត់​គ្រាន់​តែ​ត្រូវ​ការ​ថ្នាំ​លេប​បន្ថែម​ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ក្រុម​គ្រួសារ​របស់ លោក ប៉ែន សុវណ្ណ នៅ​តែ​បន្ត​ទាក់ទង​មក​មន្ទីរពេទ្យ ហើយ​ថា គណបក្ស​ក៏​នៅ​បន្ត​តាម​ដាន​ស្ថានភាព​ជំងឺ​របស់ លោក ប៉ែន សុវណ្ណ។
លោក ប៉ែន សុវណ្ណ គឺ​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨១ ហើយ​សព្វថ្ងៃ លោក​គឺ​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​កំពង់ស្ពឺ។ លោក​មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី រួច​យក​មក​សម្រាក​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​មើល​ថែ​នៅ​ស្រុក​កំណើត​នៅ​ពេល​នេះ។
លោក យឹម សុវណ្ណ បញ្ជាក់​ថា គេ​បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ ១០​ម៉ឺន​ដុល្លារ​ហើយ ដើម្បី​ព្យាបាល​ជំងឺ លោក ប៉ែន សុវណ្ណ ប៉ុន្តែ​លោក​ថា រហូត​មក​ដល់​ពេល​នេះ គណបក្ស​ទើប​រៃអង្គាស​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​ប្រហែល ៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ៕

source: http://www.rfa.org/khmer/news/social-economy/Family-takes-Pen-Sovan-to-rest-in-Takeo-02272015072945.html
 
Top