កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាចស្ថិតនៅអព្យាក្រឹតចំពោះមុខជម្លោះរវាងគណបក្សនយោបាយ ប៉ុន្តែ មិនអាចអព្យាក្រឹតចំពោះមុខជម្លោះរវាងបក្សនយោបាយនិងរដ្ឋាភិបាលបានទេ។ នេះជាសារនយោបាយដែលលោកនាយករដ្ឋមន្ត្រីរសៀលនៅថ្ងៃពុធទី ២៥ កុម្ភៈនេះ។
នៅចំពោះមុខមន្ត្រីនគរបាលក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្លាំងប្រដាប់អាវុធគឺជាឧបករណ៍ការពាររដ្ឋធម្មនុញ្ញ។ ដូច្នេះ បើមានអ្នកណាបំពានលើរដ្ឋាភិបាល កម្លាំងប្រដាប់អាវុធធ្វើសកម្មភាពភ្លាមដើម្បីការពារ។ សាររបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងដើម្បីឆ្លើយតបនឹងការរិះគន់អំពីកង្វះអព្យាក្រឹតភាពរបស់កងកម្លាំងប្រដាប់អាវុធនៅកម្ពុជា។
លោក ហ៊ុន សែន ក៏បានរម្លឹកផងដែរអំពីព្រឹត្តិការណ៍កាលពីឆ្នាំ ២០១៣ កន្លងទៅដែលសង្គមស៊ីវិលមួយចំនួនបានដើរចែកផ្កា និងនំចំណីដល់កម្លាំងប្រដាប់អាវុធដើម្បីកុំឲ្យពួកគេប្រើហិង្សាទៅលើបាតុករ។ ប៉ុន្តែ សម្រាប់ប្រមុខដឹកនាំរដ្ឋាភិបាល ប្រសិនបើមានការបំពានទៅលើរដ្ឋាភិបាល និងទៅលើសណ្តាប់ធ្នាប់សាធារណៈ កម្លាំងប្រដាប់អាវុធមិនអាចនៅស្ងៀមបានទេ។
គួរកត់សម្គាល់ថា នៅកម្ពុជាកងកម្លាំងប្រដាប់អាវុធបានរងការរិះគន់ជាទូទៅថាលម្អៀងទៅរកគណបក្សកាន់អំណាច។ លម្អៀងពីព្រោះថា មន្ត្រីប្រដាប់អាវុធជាច្រើនគឺជាសមាជិកជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ រដ្ឋាភិបាលក៏តែងប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីបង្ក្រាបបាតុកម្មធំៗដូចជាបាតុកម្មកាលពីដើមខែមករាឆ្នាំ ២០១៤ ជាដើម។ ការបង្ក្រាបនោះបានរងការរិះគន់យ៉ាងខ្លាំងថា កម្លាំងប្រដាប់អាវុធជាឧបករណ៍របស់គណបក្សកាន់អំណាច។
ប៉ុន្តែ បើយោងតាមសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ ប្រតិបត្តិការរបស់កម្លាំងប្រដាប់អាវុធគឺដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារសណ្តាប់ធ្នាប់សាធារណៈ និងការពាររដ្ឋាភិបាលតែប៉ុណ្ណោះ៕
ប្រភព៖ http://km.rfi.fr/cambodia/politic-hunsen-police-neutrality/