លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី និង​ជា​មិត្តចាស់​ លោកGareth Evans ថាមូលហេតុអ្វី​បាន​ជា​រិះគន់​រូប​លោក​កាល​ពី​ឆ្នាំ​២០១៤ នៅ​ក្នុង​អត្ថ​បទ​មួយ​​ដែល​ទាម​ទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌ​កម្ម​មក​លើ​មេដឹកនាំកម្ពុជា​។

​លោក​ ហ៊ុន សែន បាន​​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិស្តី​ពី​វឌ្ឍន​ភាព បញ្ហា​ប្រឈម និង​កាលានុវត្ត​ភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក លើក​ទី​១០ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សណ្ជាគារ​សូហ្វីតែល​ភ្នំពេញ។ ​លោក​Gareth Evansដែល​បាន​ចូល​រួម​សន្និសីទនេះ បានអង្គុយ​ស្តាប់​លោក​នាយករដ្ឋមន្រ្តីថ្លែង​សុន្ទរកថា​ ពីខាង​ក្រោយ។​ លោកហ៊ុន សែន បាន​ថ្លែង​ថា​លោកGareth Evans ជា​មិត្ត​ភ័ក្រ្តចាស់របស់​រូប​លោក​ និង​ធ្លាប់​មាន​អនុស្សារីយ៍ជាមួយ​គ្នា​ក្នុង​ការ​ចរចា​សម្រាប់​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស និង​សន្តិភាព​សម្រាប់​កម្ពុជា​។

លោក​នាយករដ្ឋមន្រ្តីថ្លែង​បែប​អន់​ចិត្ត​ និង​ហាក់​ជា​លេង​សើច​ថា​​មូលហេតុអ្វី​បាន​ជា​លោក​Gareth Evansរិះគន់​លោក​នៅក្នុង​អត្ថ​បទ​សារព័ត៌មាន​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ និង​សារព័ត៌​មាន​​អន្តរ​ជាតិផ្សេងៗទៀត​។​ លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​ថា«ខ្ញុំមិន​ដឹង​ឯក​ឧត្តម(Gareth Evans)​កើត​ជំងឺ​អី​ បាន​ជា​ឆ្នាំ​ទៅតិះទៀនខ្ញុំ។ តែ​ខ្ញុំចេះ​តែ​​ឆ្ងល់​ថាមិត្តភ័ក្រ្តចាស់ ហេតុអីឆ្នាំ​ទៅ​ឃើញ​តិះទៀន​ខ្ញុំ​នៅក្នុង​សារព័ត៌មាន»។ លោកបញ្ជាក់ថា​«…ប៉ុន​យើង​រាប់​អាន​គ្នា​តទៅទៀត ឬ​ឈប់​រាប់​អាន​គ្នា តែ​ខ្ញុំ​អត់​បាន​មាត់​ទេណា ខ្ញុំ​នៅ​ស្ងៀម​ព្រោះ​ខ្ញុំ​នៅ​នឹង​ឃើញ​អនុស្សារីយ៍​ដែល​ឯក​ឧត្តម​ទទួល​ខ្ញុំ យើង​រាក់​ទាក់​អី​ជាមួយ​គ្នា ចរចាជាមួយគ្នា…»។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ថ្លែង​បន្ត​ថា​​«ខ្ញុំ​និយាយ​លេង​ទេ ប៉ិនលេងផង​មែន​ផង»។

កាល​ពីថ្ងៃទី ០៧ ​ខែ​​មីនា ​ឆ្នាំ​២០១៤ កាសែតភ្នំពេញប៉ុស្តិ៍បាន​ចុះ​ផ្សាយ​អត្ថ​បទ​បែប​ទស្សនៈ​របស់​លោកEvans។ អត្ថ​បទ​បាន​ចុះ​ផ្សាយ​ថា«វា​យូរ​ណាស់​ពេក​ហើយ​ដែល​លោក ហ៊ុន សែន និង​សហការី​របស់​គាត់​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ការ​រំលោភ​ បំពាន​សិទ្ធិ​មនុស្ស អំពើ​ពុករលួយ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ការ​ប្រើ​ល្បិច​បោក​ប្រាស់​ក្នុង​ការ​បោះឆ្នោត...»។ លោកបន្តថា«ខ្ញុំ​ស្គាល់​លោក ហ៊ុន សែន និង​បាន​ធ្វើ​ការងារ​ជាមួយ​គាត់​កាល​ពី​អតីតកាល។ ខ្ញុំ​បាន​តទល់​នឹង​ការ​រិះគន់​ជា​សាធារណៈ​ខ្លាំង​ក្លា​រហូត​មក​ឥឡូវ​នេះ ដោយ​សារ​ខ្ញុំ​គិត​ថា វា​មាន​សង្ឃឹម​សម្រាប់​​គាត់ និង​រដ្ឋាភិបាល​របស់​គាត់​ក្នុង​ការ​ឈាន​ទៅ​រក​ភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​ឥរិយាបថ​របស់​ពួក​គាត់​ឥឡូវ​នេះ​បាន​លើស​ពី​អ្វី​ដែល​អាច​ទ្រាំ​បាន ​ហើយ​វា​ដល់​ពេល​ហើយ​ដែល​មេ​ដឹក​នាំ​នយោបាយកម្ពុជា គួរ​ត្រូវ​បាន​ស៊ើប​អង្កេត ​និង​ដាក់​ទារុណកម្ម​ដោយ​សហគមន៍​អន្តរជាតិ»។

គួរបញ្ជាក់ថា​លោក​Gareth Evans ជា​អតីត​រដ្ឋមន្រ្តីការបរទេស​អូស្រ្តាលីចាប់ពីឆ្នាំ​១៩៨៨ដល់​ឆ្នាំ​១៩៩៦។ លោក​បាន​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ចរចា​ ដើម្បីស្វែង​រក​សន្តិភាព​សម្រាប់​កម្ពុជា៕​

ប្រភព៖ http://vodhotnews.com/27670
 
Top