យុវជន​កម្ពុជា​ពីរ​រូប​បាន​ធ្វើ​ឲ្យ​សាកល​វិទ្យាល័យ ក៏​ដូចជា​ប្រទេស​ជាតិ មាន​មោទនភាព​ដោយ​សារ​ពួក​គេ​បាន​ទទួល​បាន​ជយលាភី​ពី​ការ​ប្រកួត​ក្នុង​ កម្មវិធី «15th ASEAN University Network (AUN) និង ASEAN + 3 Young Speakers’ Contest & Educational Forum» ដែល​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ចុង ខែ​មករា កន្លង​ទៅ​នេះ។

យុវជន​ទាំង​ពីរ​នោះ​ទីមួយ​គឺ​កញ្ញា លឹម មួយងីម មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ទទួល​ជយ​លាភី​ក្នុង​វិញ្ញាសា «BestPolicy Paper» និង​លោក ហេង សន្យា ទទួល​បាន​ចំណាត់​ថ្នាក់ «The Last Top Three Young Speakers’s Contest»។

កម្មវិធី ASEAN University Network (AUN) និងASEAN + 3 Young Speakers’ Contest & Educational Forum» នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​យុវជន​អាស៊ាន និង​អាស៊ាន បូក​បី ទាក់​ទង​នឹង​បញ្ហា​បី​គឺ ជនជាតិ​ភាគ​តិច សមភាព​យេនឌ័រ និង​ជន​ពិការ​ដែល​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ ទី១៩ ដល់​ថ្ងៃ ទី២៥ ខែ​មករា ដោយ​មាន​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​ដប់ និង​អាស៊ាន​បូក​បី គឺចិន កូរ៉េ និង ជប៉ុន បាន​ចូល​រួម។

ម្ចាស់​ជយលាភី «Best Policy Paper» កញ្ញា លឹម មួយងីម ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​សិក្សា​អន្តរជាតិ នៃ​វិទ្យាស្ថាន​ភាសា​បរទេស បាន​រៀបរាប់​ថា៖ «ខ្ញុំ​មិន​គិត​ថា ខ្លួន​ឯង​ឈ្នះ​ទេ ព្រោះ​អ្នក​ដែល​ចូល​រួម​ប្រកួត​សុទ្ធ​តែ​មាន​សមត្ថភាព។ ខ្ញុំ​ក៏​មាន​ភាព​ស្រឡាំង​កាំង​ដែរ ដែល​អាច​ពាំនាំ​មុខ​មាត់​ជូន​សាកល​វិទ្យាល័យ និង​ប្រទេស​កម្ពុជា»។

ក្នុង​វ័យ ២២ ឆ្នាំ មួយងីម បាន​បញ្ជាក់​ថា៖ «គេ​គ្រប់​គ្នា​មាន​ភាព​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​កម្ពុជា ត្រូវ​បាន​ប្រកាស​ថា ទទួល​ជយលាភី។ ដំបូង មាន​ប្រទេស​ខ្លះ ស្ទើរ​តែ​មិន​ចង់​និយាយ​រក​យើង​ក៏​មាន»។

មួយងីម បាន​រៀបរាប់​បន្ត​ថា ការ​ប្រកួត​នេះ មាន​លក្ខណៈ​ដូច​ជា ការ​ប្រជុំ​អាស៊ាន​ដែរ ដោយ​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ដែល​ថ្ងៃ​ទីមួយ បេក្ខជន​ដែល​ចូល​ប្រកួត​ត្រូវ​រៀបចំ​សុន្ទរកថា «Speech» រួច​ត្រូវ​ធ្វើ​បទ​បង្ហាញ​រយៈ​ពេល​ដប់​នាទី ដែល​មាន​សាស្ត្រាចារ្យ​មក​ពី​ប្រទេស​នីមួយៗ ជា​អ្នក​ដាក់​ពិន្ទុ។

កញ្ញា​បន្ត​ទៀត​ថា «Policy Paper» ដែល​នាង​បាន​ធ្វើ​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ដែល​កំពុង​តែ​កើត​មាន​នៅ​បណ្តា​ប្រទេស​អាស៊ាន និង​អាស៊ាន​បូក​បី។

អ្វី​ដែល មួយងីម បាន​លើក​ឡើង​ច្រើន​ជាង​គេ​គឺ ការ​ស្នើ​សុំ​ឲ្យ​អាស៊ាន​ធ្វើ​ការ​ពង្រឹង​ច្បាប់ ដើម្បី​ផ្សព្វ​ផ្សាយ​ពាក់ព័ន្ធ​នឹង​សមភាព​យេនឌ័រ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី ពិសេស​គឺ​អង្គការ​ដែល​ពាក់​ព័ន្ធ​របស់​អាស៊ាន​ដូច​ជា AICHR និង ACWC ជាដើម។

នៅ​ពេល​សួរ​ថា តើ​អ្វី​ជា​ចំណុច​ពិសេស​ដែល​នាំ​ឲ្យ​កញ្ញា​ទទួល​បាន​ជ័យជម្នះ? មួយងីម បាន​ឆ្លើយ​យ៉ាង​មាំ​ថា៖ «គឺ​ការ​ស្រាវជ្រាវ​បាន​ច្រើន​ជាង​គេ ការ​ស្វែង​យល់​ពី​បរិបទ​ប្រទេស​ដទៃ និង​ព្យាយាម​លើក​ពី​ដំណោះ​ស្រាយ​យ៉ាង​ណា​ឲ្យ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ដែល​កើត​ មាន។ ជា​និស្សិត​ផ្នែក​សិក្សា​អន្តរជាតិ​ស្រាប់ ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​នូវ​មេរៀន​ដែល​ទាក់ទង​នឹង​អាស៊ាន​ច្រើន»។

ស្រប​គ្នា​នេះ​ដែរ លោក ហេង សន្យា ថ្វី​ដ្បិត​តែ​លោក​មិន​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ ក៏​ដោយ តែ​លោក​ទទួល​បាន​ចំណាត់​ថ្នាក់ «The Last Top Three» ក្នុង​វិញ្ញាសា Young Speakers’ Contest ផង​ដែរ ដោយ​សារ​លោក​បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​នៅ​សល់​ប្រាំ​មួយ​ ក្រុម​ចុង​ក្រោយ គឺ សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន ថៃ និង​កម្ពុជា។

លោក​ថា ជយលាភី «The Last Top 3» មាន​ន័យ​ថា បន្ទាប់​ពី​ជ្រើស​រើស​ប្រទេស​បី ដែល​ទទួល​បាន​ជយ​លាភី លេខ​មួយ ពីរ បី ហើយ​នោះ ប្រទេស​ដែល​នៅ​សល់​គឺជា «The Last Top Three»។ ប្រទេស​ដែល​ឈរ​នៅ​លំដាប់​លេខ​មួយ​គឺ​ប្រទេស​សិង្ហបុរី ចំណែក ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ឈរ​នៅ​លំដាប់​លេខ​ពីរ និង​បី។

ជា​និស្សិត​ឆ្នាំ​ទី​បី នៃ​វិទ្យាស្ថាន​ភាសា​បរទេស លោក សន្យា បាន​រៀប​រាប់​បន្ត​ថា៖ «ថ្វី​ដ្បិត​តែ​កម្ពុជា មិន​បាន​ទទួល​ជ័យជម្នះ The Top Young Speakers’ Contest ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​ពេញ​ចិត្ត ព្រោះ​ខ្ញុំ​មាន​គោលដៅ​មួយ​ថា នឹង​ចូល​ទៅ​ក្នុង​វគ្គ​ចុង​ក្រោយ​ឲ្យ​បាន។ ម្យ៉ាង​ខ្ញុំ​អាច​តប​ស្នង​ឲ្យ​សាលា ឬ​អាច​និយាយ​ថា ទុក​ផ្លូវ​ឲ្យ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​បំពេញ»។

យ៉ាង​ណា​ក៏​ដោយ​យុវជន​មក​ពី ខេត្ត​កំពង់ចាម រូប​នេះ​បាន​ទទួល​ស្គាល់​ថា ភាសា​អង់គ្លេស​គឺជា​ឧបសគ្គ ព្រោះ​នៅ​ពេល​ដែល​ចេញ​វិញ្ញាសា លោក​ត្រូវ​គិត​ជា​ភាសាខ្មែរ​សិន ទើប​បក​ប្រែ​ជា​ភាសា​អង់គ្លេស ដែល​ធ្វើ​ឲ្យ​ចំណាយ​ពេល​ដើម្បី​គិត​ច្រើន។


ជាមួយ​គ្នា​នេះ​ដែរ ទាំង​លោក ហេង សន្យា និង​កញ្ញា លឹម មួយងីម បាន​ផ្តល់​ជា​យោបល់​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​នឹង​ទៅ​ចូល​រួម​កម្មវិធី​ នេះ​លើក​ក្រោយៗ​ទៀត​ថា៖ «ពួកគេ​ត្រូវ​ដឹង​ប្រធានបទ​ឲ្យ​ច្បាស់ ហើយ​ត្រូវ​មាន​ជំនាញ​លើ​ប្រធាន​បទ​នោះ។ កុំ​ទៅ​ដើម្បី​តែ​ទៅ។ ទីពីរ​គឺ​ការ​រៀបចំ ទោះ​បី​ខ្លាំង​ប៉ុន​ណា​ក៏​ដោយ ហើយ​ទី​បី​គឺ​កុំ​យក​ភាព​ភ័យ​ខ្លាច​ដឹក​មុខ»។

សម្រាប់ មួយងីម យុវជន​ត្រូវ​ដឹង​អ្វី​ដែល​គេ​ស្រឡាញ់ ត្រូវ​សិក្សា​ពាក់​ព័ន្ធ​អំពី​អ្នក​ចូល​រួម​ថា ពួក​គេ​ដឹង​ដល់​កម្រិត​ណា និង​ត្រៀម​ដល់​កម្រិត​ណា មាន​ន័យ​ថា ដឹង​គេ​ដឹង​យើង មាន​ជំនឿ​ចិត្ត និង​មិន​ត្រូវ​មើល​ងាយ​ខ្លួន​ឯង។

គួរ​បញ្ជាក់​ថា កញ្ញា លឹម មួយងីម និង​លោក ហេង សន្យា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទៅ​ចូល​រួម​កម្មវិធី​នេះ តាម​រយៈ​ការ​ជ្រើសរើស​ពី​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ ផ្អែក​ទៅ​លើ​ពិន្ទុ​ប្រចាំ​ឆ្នាំ​សិក្សា​ចំណេះ​ដឹង​ទាក់​ទង​នឹង​ប្រធាន​បទ​ ដែល​គេ​បាន​ដាក់​ឲ្យ​ពិសេស គឺ​ផ្តល់​អាទិភាព​ដល់​និស្សិត​ពូកែ ដែល​មិន​ធ្លាប់​បាន​ចេញ​ទៅ​បរទេស​ក្នុង​កម្មវិធី​ណា​មួយ។ រង្វាន់​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​រួម​មាន Certificate of Participation, Certificate of Recognition និង​មេដាយ​ម្នាក់​មួយ។

សម្រាប់ មួយងីម ជយលាភី​នេះ ធ្វើ​ឲ្យ​នាង​មាន​មោទនភាព​បំផុត​ដោយ​នាង បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ស្គាល់​កម្ពុជា និង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕ ប្រភពៈ ភ្នំពេញប៉ុស្តិ៍
 
Top