ប្រសិនបើតារាចម្រៀង ឬតារាសម្ដែង ល្បីឈ្មោះក្នុងប្រទេសជាច្រើន ដូចជាមិនខ្វាយខ្វាល់ ឬមិនហ៊ានចេញមុខ ពីបញ្ហាបរិស្ថានជាតិ និងធ្វើមិនដឹងមិនលឺ នៅចំពោះការប៉ងបណ្ដេញ សកម្មជនការពារធនធានធម្មជាតិតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ចេញពីប្រទេសកម្ពុជា ពីសំណាក់រដ្ឋាភិបាលកម្ពុជានោះ ប៉ុន្តែសម្រាប់តារាចម្រៀង កញ្ញា មាស សុខសោភា វិញ បានចេញមុខគាំទ្រលោក អាឡិច និងផ្ដល់ក្ដីសង្ឃឹមថា លោក អាឡិច គួរតែរស់នៅ ក្នុងព្រះរាជាណាចក្រ បានតទៅទៀត។
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានសម្រេចមិនបន្តទិដ្ឋាការ ឲ្យលោក អាឡិច ទេ ដោយចាត់ទុកសកម្មជនបរិស្ថាន ជាតិអេស្ប៉ាញ ដែលជាអនុប្រធាន អង្គការចលនាមាតាធម្មជាតិរូបនេះ ថាបានប្រព្រឹត្តខុស ទៅនឹងលក្ខន្តិកៈរបស់អង្គការ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំង ការគ្រប់គ្រងរដ្ឋបាលសាធារណៈ របស់អាជ្ញាធរ ខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជន ឱ្យចូលរួមបិទផ្លូវសាធារណៈ មិនឱ្យក្រុមការងារ ចុះទៅជួបប្រជាពលរដ្ឋ នៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង។ នេះបើតាមលិខិតជាផ្លូវការមួយ ផ្ញើរតបទៅលោក សម រង្ស៊ី ប្រធានតំណាងរាស្ត្រភាគតិច ក្នុងរដ្ឋសភា និងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
កាលពីល្ងាចថ្ងៃទី២១ ខែកុម្ភៈនេះ អគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតជាផ្លូវការមួយ ជូនដំណឹងទៅលោក អាឡិច «ជ្រាប និងអនុវត្ត» នូវការផុតកំណត់នៃទិដ្ឋាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ មកនេះ ដោយបញ្ជាក់ទៀតថា សមត្ថកិច្ចកម្ពុជា មិនអាចពន្យារការស្នាក់នៅបន្តទៀតឡើយ។ តែនៅក្នុងលិខិតនោះ គេមិនដឹងថា តើអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចង់ឲ្យលោក អាឡិច អនុវត្តន៍ពីអ្វី?
ការសម្រេចបណ្ដេញចេញក្រៅប្រទេស នូវសកម្មជនបរិស្ថានរូបនេះ បង្កឲ្យមានប្រតិកម្មយ៉ាងផុលផុស ពីពលរដ្ឋកម្ពុជាជាច្រើន ជាពិសេសក្រុមអ្នកស្រឡាញ់បរិស្ថាន និងយុវជន។ ហើយបើគេគ្រាន់តែសង្កេត ទៅមើលប្រិយមិត្ត ដែលមិនបានភ្លេចសរសេរ ជាមតិយោបល់របស់ពួកគេ នៅជាមួយរូបថត កញ្ញា មាស សុខសោភា ខាងលើនេះ ក៏គេអាចយល់បាន ពីសន្ទុះនៃការគាំទ្រលោក អាឡិច ដែរ។ ពីក្នុងចំណោមមតិយោបល់ ដែលអ្នកនិពន្ធអត្ថបទនេះ បានចូលទៅរាប់មានចំនួន ១៨៩ មតិនោះ មិនមានមតិយោបល់សូម្បីតែមួយ ដែលមានលក្ខណៈអវិជ្ជមាន ប្រឆាំងនឹងការលើកឡើង របស់កញ្ញា មាស សុខសោភា នោះទេ៕
ប្រភព៖monoroom